បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិ បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹកមានការកើនឡើងកាន់តែច្រើន ដែលនាំឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានកាយឺតយ៉ាវពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ម្ល៉ោះហើយ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខដែលបំពេញបេសកកម្មការពារបូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។ នេះបើតាមសេចក្តីជូនដំណឹងពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។ ចំណែក យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សូមទាក់ទងមកធនាគារជាតិនៃកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត


