អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ពេញមួយឆ្នាំ ២០២៥ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានានៅកម្ពុជា មិនឱ្យបំពុលតំបន់ទឹកសាធារណៈ ដែលអាចប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន ដោយមានបរិមាណសរុបចំនួន ២១,៨១៨,៦៨៧ ម៉ែត្រគូប។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ក្រសួងបរិស្ថាន បានធ្វើការតាមដាន និងត្រួតពិនិត្យការបញ្ចេញសំណល់រាវពីក្រុមហ៊ុន និងរោងចក្រ ចូលទៅក្នុងតំបន់ទឹកសាធារណៈ ឲ្យអនុលោមតាមស្តង់ដារ ដោយមានបរិមាណប្រមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយខែៗ។
លទ្ធផលទាំងនេះ គឺដោយសារការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជំរុញការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលមានសក្តានុពលបង្កប្រភពបំពុល ត្រូវអនុវត្តតាមច្បាប់កម្ពុជា ដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវ ធានាការប្រកួតប្រជែងស្មើភាព និងបង្កើនជំនឿទុកចិត្តលើផលិតកម្មស្អាត។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាភាពស្អាតនៃធនធានទឹក ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់ដល់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ព្រមទាំងការគ្រប់គ្រងគុណភាពទឹកប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះក្នុងទឹក និងការពារសុខភាពសាធារណៈ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ចំនួន ៥៤ ទីតាំង បានដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវ ក្នុងឆ្នាំ ២០២៥។ ចំណែកឯក្រុមហ៊ុន រោងចក្រ និងសហគ្រាសមួយចំនួនទៀត បានចុះកិច្ចសន្យា និងត្រៀមដំឡើងជាបន្តបន្ទាប់ នៅក្នុងឆ្នាំ ២០២៦។
សូមបញ្ជាក់ថា ទិន្នន័យដែលប្រមូលបានពីឧបករណ៍ស្វ័យត្រួតពិនិត្យ នឹងត្រូវបញ្ជូនទៅកាន់ប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយស្វ័យប្រវត្តិ ហើយក្នុងករណីមានបញ្ហាបច្ចេកទេសណាមួយ ប្រព័ន្ធផ្ញើព័ត៌មាន នឹងជូនដំណឹងទៅកាន់ក្រសួងបរិស្ថានភ្លាមៗ ដើម្បីឲ្យក្រុមការងារអាចចុះអន្តរាគមន៍បានទាន់ពេលវេលា៕
ដោយ៖ ប៉ៃ សុឃីម












