មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់និង៣៦នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រឹមតែ១ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦កាលពីម្សិលមិញ។ តួលេខនេះមានការកើនឡើងជាងថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៥ ដែលមានមនុស្ស៦នាក់បានស្លាប់និង៤នាក់បានរងរបួស។
តាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិចេញកាលពីម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន១៦លើក។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះមានមនុស្ស៩នាក់បានស្លាប់ និង៣៦នាក់បានរងរបួស។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើង ដោយសារតែល្មើសល្បឿនកំណត់ មិនគោរពសិទ្ឋិ មិនប្រកាន់ស្តាំ និងការបើកបរប្រជែង។
តួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល២០២៦ មានការកើនឡើងទំនងជាដោយសារតែរដ្ឋាភិបាលផ្អាករឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ចាប់តាំងមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ដោយឡែក កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងត្រឹមតែ៦លើកប៉ុណ្ណោះ ហើយមានមនុស្ស៦នាក់បានស្លាប់ និង៤នាក់បានរងរបួស៕
ដោយ៖ ង៉ែត ពិសាន្ត

