ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងធនធានទឹកប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះនិងខ្យល់កន្រ្តាក់ដោយសារភ្លៀងកក់ខែ

KPS99TV

សេចក្តីសង្ខេប

ការព្យាកររដូវប្រាំង២០២៦ រំពឹងភ្លៀងកក់ខែចាប់ផ្តើមសប្តាហ៍ទី២ខែមីនា និងរដូវវស្សាសប្តាហ៍ទី២ខែឧសភា ដោយអំពាវនាវប្រុងប្រយ័ត្នរន្ទះ ខ្យល់កន្ត្រាក់ និងសន្សំទឹក។

តាមការព្យាករអាកាសធាតុលើកទី១សម្រាប់រដូវប្រាំងពីខែមករាដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញថា បាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់អាចកើតមានឡើងច្រើន។ ដូច្នេះក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ដែលអាចកើតមានច្រើនក្នុងរដូវភ្លៀងកក់ខែ និងដើមរដូវវស្សា។

ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣១ ខែធ្នូ ក្រសួងធនធានទឹក បានតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ឃើញថា ស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៦ ដោយផ្អែកទៅលើបាតុភូត សកល និងស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញឱ្យឃើញថា បាតុភូតឡានីញ៉ា(La Niña) នឹងបន្តរហូតដល់ខែកុម្ភៈក្នុងកម្រិត៥០% និងជំនួសមកវិញនូវបាតុភូត អែនសូអព្យាក្រឹត (ENSO-Neutral) ដែលកើនឡើងដល់៩០% នៅខែមេសា និង៨០%នៅក្នុងខែឧសភា ឆ្នាំ២០២៦ ដោយឡែកបាតុភូតអាយអូឌី (IOD) ស្ថិតនៅអព្យាក្រឹត(IOD-Neutral )។

កត្តានេះនាំឱ្យរដូវប្រាំង នឹងមានភ្លៀងកក់ខែអាចចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី២ នៃខែមីនា ដែលមានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៥ ជាមួយនឹងបាតុភូតផ្ទរន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។ ចំណែកដើមរដូវវស្សា នឹងមានបរិមាណទឹកភ្លៀងកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណភ្លៀងធ្លាក់មានពីមធ្យមទៅច្រើនជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ក៏កើតមានឡើងច្រើនដែរ ខណៈរដូវវស្សាអាចនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥។ ក្រៅពីនេះ ក្រសួងអំពាវនាវដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ជាពិសេសតំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…