ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យ ប៉ែន បូណា បញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនដោយកម្លាំង និងតម្កល់ជំហរលើច្បាប់អន្តរជាតិ និងឯកសារព្រំដែនដែលបានឯកភាព។

កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនកម្ពុជា-ថៃ ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ការលើកឡើងបែបនេះ បន្ទាប់មានការចែកចាយរូបភាពលើបណ្តាញសង្គមថា កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើការរាយលួសបន្លា ដាក់ទូកុងតឺន័រ យកដីកម្ពុជានៅតំបន់មួយចំនួន នៅតាមព្រំដែនដែលកំពុងមានជម្លោះ។ នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា។ 

ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ពីជំហររបស់កម្ពុជា គឺកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក»។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា «កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ។ ហើយសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់»៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…