ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រាសាទអូរថ្មដាប់មានអាយុកាលជាង១២០០ឆ្នាំត្រូវបានជួសជុលឱ្យរឹងមាំឡើងវិញ

KPS99TV

សេចក្តីសង្ខេប

អ្នកជំនាញកំពុងជួសជុលប្រាសាទអូរថ្មដាប់អាយុជាង១២០០ឆ្នាំលើភ្នំគូលែន ក្នុងគម្រោង៤ខែ ដើម្បីអភិរក្ស និងលើកស្ទួយទេសចរណ៍។

អ្នកជំនាញកំពុងជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋមានអាយុកាលជាង ១២០០ឆ្នាំឱ្យមានភាពរឹងមាំឡើងវិញ។ ប្រាសាទអូរថ្មដាប់ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កន្លងមក ប្រាសាទនេះមិនធ្លាប់មានការជួសជុលឡើយ គ្រាន់តែធ្លាប់មានការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការថែទាំទល់ទ្រសម្អាតជាប្រចាំប៉ុណ្ណោះ។ មុនពេលជួសជុល ប្រាសាទនេះមានការប្រេះហែកផ្នែកខាងកើតពីក្រោមដល់លើ និងស្រុតថ្មជាដើម។ល។

គម្រោងជួសជុលប្រាសាទនេះមានរយៈពេល៤ខែដោយក្រុមផ្នែកអភិរក្ស។ នេះបើតាមលោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា។ ក្រៅពីការជួសជុល ក្រុមការងារក៏បានសម្អាតរុក្ខជាតិដែលនៅផ្នែកកំពូលឱ្យបានស្អាតផងដែរ។ ប្រាសាទអូរថ្មដាប់នៅមានរូបរាងពេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់នៅតាមជ្រុងនីមួយៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន។

បើតាមលោក ឮ ចាន់ណូរ៉ា ក្នុងគម្រោងជួសជុលនេះ ក្រុមការងារបានដំឡើងខ្លោងទ្វារឡើងវិញ ដែលជាការបន្ថែមសោភ័ណភាពប្រាសាទ និងទាក់ទាញដល់អ្នកទេសចរចូលទៅទស្សនាឱ្យកាន់តែច្រើន។ ជាប្រាសាទមួយក្នុងចំណោមប្រាសាទឥដ្ឋតិចតួចនៅលើភ្នំគូលែន ដែលបន្សល់នូវរូបរាងពេញលេញ ក្រៅពីនោះ គឺនៅសល់ស្នាកស្នាមបន្តិចបន្តួច ដូចជាគ្រឹះឬគំនរឥដ្ឋប៉ុណ្ណោះ»។ អ្នកបុរាណវិទូរូបនេះ បញ្ជាក់បន្ថែមថា ការងារជួសជុលនេះដើម្បីអភិរក្សប្រាសាទបុរាណផង និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់ភ្នំគូលែនផង។

ជាការកត់សម្គាល់៖ ដ្បិតថានៅឆ្ងាយពីតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែកន្លងមកថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ និងជំរុញឱ្យក្រុមការងាររៀបចំគម្រោងជួសជុលប្រាសាទនៅតំបន់ភ្នំគូលែនជាហូរហែ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…