ខេត្តកំពតមានសក្តានុពលជាច្រើនរួមមានធនធានធម្មជាតិ ដងព្រែក ជួរភ្នំ និងសម្បត្តិធម្មជាតិដទៃទៀត បានធ្វើឲ្យខេត្តនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងភាពងាយស្រួលនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ។
នេះបើតាមការឱដឹងពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គិតរហូតមកទល់ពេលនេះ មានការវិនិយោគលើសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូ និងរមណីយដ្ឋានបែបលំហែរផ្សេងៗច្រើន ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងមកពីបរទេស ដែលធ្វើឲ្យចំនួនបន្ទប់ស្នាក់នៅក្នុងខេត្តកំពត កើនដល់ ជាង៥០០០។
លោកបន្តថា “វិស័យទេសចរណ៍ ក្នុងខេត្តកំពតមានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សូម្បីក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩កន្លងមក វិស័យទេសចរណ៍ក្នុងខេត្តកំពតក៍មិនមានបញ្ហាធំដុំនោះដែរ។
ក្រៅពីរមណីយដ្ឋានផ្សេងៗ ខេត្តកំពតក៏មានភ្នំបូកគោ ដែលបាននិងកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនSokha Group ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយទុនរាប់រយលានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋាគារ បុរី និងបានកំពុងសាងសង់ពុទ្ធបដិមាកំពស់១០៨ម៉ែត្រ ដែលជាបដិមាខ្ពស់មួយក្នុងចំណោម ពុទ្ឋបដិមាខ្ពស់ៗជាងគេនៅក្នុងពិភពលោកផងដែរ។
ហើយក្រុមហ៊ុនក៏បាននិងកំពុងសាងសង់ផ្លូវពីចំណុចវាលស្រែ៥០០នៅលើភ្នំបូកគោតភ្ជាប់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុយ៉ាងសកម្មផងដែរ៕
ដោយ៖ ប៉ៃ សុឃីម





