ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកជំនាញទេសចរណ៍ចង់ឱ្យរដ្ឋាភិបាលលើកលែងទិដ្ឋាការភ្ញៀវទេសចរឥណ្ឌាដូចចិនដែរ

KPS99TV

សេចក្តីសង្ខេប

ប្រធានសមាគមទេសចរណ៍កម្ពុជា ឆាយ ស៊ីវលីន ស្នើឱ្យរដ្ឋាភិបាលពិចារណាលើកលែងទិដ្ឋាការដល់ទេសចរឥណ្ឌាដូចចិន ដោយអាចសាកល្បង៤ខែ ឬ៦ខែ ដើម្បីវាយតម្លៃផលប្រយោជន៍។

ដើម្បីរក្សាភ្ញៀវទេសចរឥណ្ឌា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យបានច្រើនមកទស្សនាប្រទេសកម្ពុជា សមាគមទេសចរណ៍កម្ពុជាចង់ឱ្យរដ្ឋាភិបាលពិចារណាលើកលែងទិដ្ឋាការ ចំពោះភ្ញៀវទេសចរឥណ្ឌាដូចទេសចរចិនដែរ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា បច្ចុប្បន្ននេះភ្ញៀវទេសចរឥណ្ឌា បានសម្រុកមកធ្វើដំណើរកម្សាន្តនៅកម្ពុជាយ៉ាងច្រើនកុះករ។ ដូច្នេះដើម្បីទាកទាញភ្ញៀវទេសចរឥណ្ឌាឱ្យដូចជាទេសចរចិន នោះគឺទិដ្ឋាការគឺជាចំណុចសំខាន់ណាស់ ក្នុងការទាកទាញទេសចរ។

លោកស្រីលើកឡើងថា ការស្នើសុំទិដ្ឋាការតាមរយៈអនឡាញ ឬការមកដល់ផ្ទាល់តាមព្រលានយន្ដហោះ គឺទាមទារពេលវេលា និងឯកសារមួយចំនួន ដែលនាំឱ្យភ្ញៀវមានអារម្មណ៍ថា ស្មុគស្មាញខ្លាំង។ ម្ល៉ោះហើយ ប្រសិនបើកម្ពុជាអាចលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរឥណ្ឌាដូចភ្ញៀវទេសចរចិនដែរវាជារឿងល្អ។ ចំណុចនេះជារឿងដ៏ល្អ និងជាគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរឥណ្ឌាបាន និងទាក់ទាញបានជារៀងរហូត។

ប៉ុន្តែលោកស្រី ឆាយ ស៊ីវលីន បានសង្កត់ធ្ងន់ថា ដើម្បីចង់ដឹងថា ការលើកលែងទិដ្ឋាការចំពោះភ្ញៀវឥណ្ឌាមានកម្រិតណា យើងអាចសាកល្បងបានដោយប្រើប្រាស់ចន្លោះ៤ខែ ឬ៦ខែ នៅពេលដែលភ្ញៀវទេសចរចូលមកដល់កម្ពុជា ហើយទទួលបានផលប្រយោជន៍ច្រើន នោះពួកគេនឹងផ្សព្វផ្សាយបន្ដទៅដល់ទេសចរផ្សេងទៀតក្នុងការធ្វើដំណើរមកកាន់កម្ពុជា។ ដូច្នេះហើយ ទើបលោកស្រីស្នើឱ្យរដ្ឋាភិបាលពិចារណាលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរឥណ្ឌាដូចភ្ញៀវទេសចរចិន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…