យោងតាមតួលេខក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៥ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ។
បរិមាណនាំចេញបានកើនឡើងប្រមាណ ២៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃផលិតកម្ម និងតម្រូវការពីទីផ្សារអន្តរជាតិ ជាពិសេសពីទីផ្សារប្រទេសជិតខាង។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា ការផលិតគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា បានឈានដល់ប្រមាណ ១,០២ លានតោន ក្នុងឆ្នាំ ២០២៥ ទោះបីជាប្រឈមនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុក៏ដោយ។
លោកបានបង្ហាញសុទិដ្ឋិនិយមថា នៅឆ្នាំ ២០២៦ សមាគមស្វាយចន្ទីកម្ពុជា នឹងនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាននៃការកើនឡើងផលិតកម្មគ្រាប់ឆៅ ដោយសារផ្ទៃដីដាំដុះកើនឡើង ប្រកបដោយបទពិសោធន៍ជាច្រើនឆ្នាំរបស់ប្រជាកសិករ ក្នុងការដាំដុះ និងថែទាំ ក្រោមការជួយបណ្តុះបណ្តាលពីសមាគមស្វាយចន្ទីកម្ពុជា ដែលអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដែលកំពុងបន្តកើតមាន។
សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ មានសន្ទុះខ្លាំងបំផុតនៅក្នុងខែ មីនា និងខែមេសា ដែលជារដូវកាលប្រមូលផលសំខាន់។ ចំណែកតម្លៃគ្រាប់ស្វាយចន្ទីឆៅ ក្នុងឆ្នាំ ២០២៥ បានហក់ឡើងខ្ពស់បំផុតនៅខែតុលា រហូតដល់ ៨.០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈតម្លៃទាបបំផុតគឺនៅខែមេសា ដែលមានតម្លៃប្រមាណ ៥.០០០ រៀល ក្នុងមួយគីឡូក្រាម។
យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតា និងអាចប្រមូលផលបានក្នុងចន្លោះពី ៨០ ម៉ឺន ទៅ ១ លានតោន ក្នុងមួយឆ្នាំ។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ភាគច្រើន គឺទៅកាន់ទីផ្សារប្រទេសវៀតណាម៕
ដោយ៖ ប៉ៃ សុឃីម




