រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជានឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ​ និងបូរណភាពទឹកដីរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃដែលទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិតដោយសារកងទ័ពថៃបានចូលទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានបាញ់ប្រហារមកលើប៉ុស្តិ៍យោធាកម្ពុជាមួយកន្លែង នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន ខេត្តព្រះវិហារ។ ចាប់តាំងពីពេលនោះមក ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃបន្តកើនកម្តៅកាន់តែខ្លាំងឡើង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ទាហានថៃឈុតខ្មៅមួយក្រុម ចង់រុលចូលទឹកដីកម្ពុជា ហើយចង់បង្កបញ្ហាជាមួយទាហានកម្ពុជានៅសមរភូមិជួរមុខភ្នំខ្មោចទៀត

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃដែលទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិតដោយសារកងទ័ពថៃបានចូលទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានបាញ់ប្រហារមកលើប៉ុស្តិ៍យោធាកម្ពុជាមួយកន្លែង នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន ខេត្តព្រះវិហារ។ ចាប់តាំងពីពេលនោះមក ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃបន្តកើនកម្តៅកាន់តែខ្លាំងឡើង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ទាហានថៃឈុតខ្មៅមួយក្រុម ចង់រុលចូលទឹកដីកម្ពុជា ហើយចង់បង្កបញ្ហាជាមួយទាហានកម្ពុជានៅសមរភូមិជួរមុខភ្នំខ្មោចទៀតផង។

ជុំវិញនឹងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី០៤កក្កដាថា ភាពតានតឹងបច្ចុប្បន្ននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនអាចនឹងក្លាយទៅជាការផ្ទុះអាវុធ ដូចដែលបានកើតឡើងនៅចន្លោះឆ្នាំ២០០៨ដល់ឆ្នាំ២០១១។ ក្នុងកាលៈទេសៈនេះ កម្ពុជា បានសន្និដ្ឋានថា យន្តការទ្វេភាគីលែងមានលទ្ធភាពហើយក្នុងការដោះស្រាយវិវាទលើចំណុចមួយចំនួនដែលអូសបន្លាយតាំងយូរមក។ 

ដូច្នេះ កម្ពុជានឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដែលជាសិទ្ធិត្រូវបានធានាសម្រាប់រដ្ឋអធិបតេយ្យទាំងអស់នៅក្រោមច្បាប់អន្តរជាតិ។ ក្នុងន័យនេះ កម្ពុជារំពឹងថាប្រទេសជិតខាងរបស់ខ្លួនក៏នឹងធ្វើសកម្មភាពក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងរួមរស់ដោយសន្តិភាពផងដែរ។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមគ្នានេះ កម្ពុជា ជំរុញឱ្យភាគីថៃបង្ហាញសេចក្តីស្មោះត្រង់ដោយទទួលយកយុត្ថាធិការរបស់ ICJ ក្នុងសំណុំរឿងនេះ ខណៈការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបញ្ជូលវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការ ICJ គឺស្របទាំងស្រុងជាមួយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ដោយឡែក ភាគីថៃទទូចទាមទារប្រើប្រាស់ផែនទីដែលគូរដោយឯកតោភាគី ផ្ទុយនឹងខ្លឹមសារ និងស្មារតី នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-២០០០) ដែលចែងអំពីការប្រើប្រាស់ផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម និងការប្រកាសចង់ប្រើកម្លាំងរបស់យោធាថៃដើម្បីដោះស្រាយតំបន់ជម្លោះ។

ប៉ុន្តែការសម្រេចចិត្តរបស់កម្ពុជា គឺផ្អែកលើមូលដ្ឋានច្បាប់ដ៏រឹងមាំ ដោយសារតំបន់វិវាទទាំងនេះស្ថិតនៅលើទឹកដីកម្ពុជាទាំងស្រុង តាមការកំណត់ដោយអនុញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ហើយដូចដែលបានឆ្លុះបញ្ចាំងនៅលើផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម។ ផែនទីទាំងនេះ ត្រូវបានទទួលស្គាល់ និងអនុម័តរួមគ្នាដោយប្រទេសទាំងពីរ ហើយត្រូវបានបញ្ជាក់ជាថ្មីនៅក្នុង MOU-២០០០ សម្រាប់ជាមូលដ្ឋានអនុវត្តការងារខណ្ឌសីមាព្រំដែន។

ទន្ទឹមគ្នានេះ សំណើររបស់កម្ពុជាទៅកាន់ ICJ ដែលជាស្ថាប័នតុលាការចម្បងរបស់អង្គការសហប្រជាជាតិ មិនគួរត្រូវបានយល់ខុសថា ជាអំពើអរិភាព ឬការបង្កហេតុនោះទេ។ ផ្ទុយទៅវិញ វាគឺជាវិធានការតាមសន្តិវិធីប្រកបដោយការទទួលខុសត្រូវនិងស្របច្បាប់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…