សង្គ្រាមឈ្លានពានដោយយោធាថៃលើទឹកដីកម្ពុជារយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាង៦៤ម៉ឺននាក់រត់ភៀសខ្លួនទៅរកកនទីទួលមានសុវត្ថិភាព។ ចាប់ពីមានបទឈប់បាញ់រហូតដល់ម៉ោង១រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ១២.៤១៧នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈជនភៀសសឹកចំនួន ២៦៧.៦៧៤នាក់ ក្នុងនោះស្រ្តី ១៤១.០៦៩នាក់ និងកុមារ ៩០.៦៧០នាក់បន្តស្នាក់នៅជំរុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមករា។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានរាយការណ៍ថា ខេត្តឧត្តរមានជ័យ មានសាលារៀន១០៧ មន្ទីរពេទ្យ/មណ្ឌល សុខភាព១០ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក១ ឃុំ-សង្កាត់៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ បន្តបិទផ្អាក។ ដូចគ្នានេះ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក។
គិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះ៣២៣ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/ សណ្ឋាគារ៥ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៣គ្រឿង ម៉ូតូ៥គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈរួមមាន សាលារៀន២៥ មណ្ឌលសុខភាព៧ សំណង់អគារ៣៩ វត្តអារាម៦ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៤ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ជាការកត់សម្គាល់៖ នៅខេត្តពោធិ៍សាត់ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារៈមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរម៉កដឹកសំរាមរបស់ភូមិ២គ្រឿង៕ ដោយ៖ ង៉ែត ពិសាន្ត




