ទាហានថៃបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន និងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ ថែមទាំងលួចប្លន់យកទ្រព្យសម្បត្តិពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត។ នេះបើតាមឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ដោយឯកឧត្តមចាត់ទុកសកម្មភាពដាក់ពង្រាយទូរកុងទឺន័រ រាយលួសបន្លាព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរ និងលួចសម្បត្តិជនស៊ីវិលនេះ គឺជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ។
ឯកឧត្តម ប៉ែន បូណា ថាទង្វើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។ ជាក់ស្តែង ផ្ទះសម្បែងរបស់អ្នកភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួនរាប់ពាន់ខ្នងត្រូវបានយោធាថៃព័ទ្ធយក។ បើតាមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ភូមិរបស់ប្រជាពលរដ្ឋនៅជាប់ព្រំដែន ស្ថិតនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងរបស់ទាហានសៀម។ ចំណែក ដីនិងផ្ទះរបស់អ្នកភូមិជោគជ័យចំនួន ៧០៧គ្រួសារ ត្រូវបានដាក់ទូរកុងទឺន័រ និងរាយលួសបន្លាហ៊ុំមព័ទ្ធយក ខណៈភូមិព្រៃចាន់៧០ភាគរយក៏ហ៊ុំមព័ទ្ធយកដែរ។ រីឯ តំបន់បឹងត្រកួន មានភូមិចំនួន៤ មានផ្ទៃដីសរុប២៩២ហិចតា និងមានពលរដ្ឋរស់នៅចំនួន១៤៧៩គ្រួសារ ក៏សៀមព័ទ្ធយកដូចគ្នា៕
ដោយ៖ ង៉ែត ពិសាន្ត


