ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថ្ងៃទី៤ ខែមករា ថា កម្ពុជាតវ៉ាប្រឆាំងសកម្មភាពយោធាថៃក្នុងខេត្ត៤ និងការពារព្រំដែនដោយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ មិនទទួលស្គាល់ការកែប្រែដោយកម្លាំង។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។ នេះបើយោងតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ។ 

ការបន្តសកម្មភាពគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឡើងវិញពីជំហរដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាដោយមធ្យោបាយសន្តិវិធី និងផ្អែកលើនយោបាយការទូត និងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការ យោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។

ឯកឧត្តម ប៉ែន បូណា បន្ដថា កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូ ចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក និងបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…