ក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៥ កម្ពុជា បាននាំចេញអង្ករបានចំនួន ៩៤០,៣២១ តោន គិតជាទឹកប្រាក់សរុបជាង ៦០០ លានដុល្លារអាម៉េរិក។ ការនាំចេញអង្ករនេះ ត្រូវបានអនុវត្តតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ប្រទេស និងតំបន់ផ្សេងៗ។ ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន ២៨ ប្រទេស មានបរិមាណអង្ករ ៣៣៩,៤១៧ តោន គិតជាទឹកប្រាក់ ២៥៨.២៨ លានដុល្លារអាម៉េរិក។
ចំណែកការនាំចេញទៅកាន់ប្រទេសចិន និងហុងកុង មានបរិមាណ ២៣១,១២៥ តោន គិតជាទឹកប្រាក់ ១៣៨.៣៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៨ ប្រទេស មានបរិមាណសរុប ២៧៣,៦៥៧ តោន គិតជាទឹកប្រាក់ ១១៧.៦២ លានដុល្លារ។
លើសពីនេះ កម្ពុជាក៏បាននាំចេញអង្ករទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ជាដើម មានបរិមាណ ៩៦,១២២ តោន គិតជាទឹកប្រាក់ ៨៨.១៥ លានដុល្លារអាម៉េរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រភេទអង្ករដែលបាននាំចេញ រួមមាន អង្ករក្រអូប ៦៤.០២% អង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហុយ ២% អង្ករសរីរាង្គ ១.៣២% អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗ ០.៣៩%។
ជាមួយគ្នានេះដែរ កម្ពុជា ក៏បាននាំចេញស្រូវសើមចំនួន ៦,៨៥៩,៩៣០ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណប្រមាណ ១,៥៧៩.៨៦ លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា ការនាំចេញអង្ករ មានកំណើនសរុប ៤៥.៥៩% និងការនាំចេញស្រូវ មានកំណើនសរុប ៣២.៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤៕ ដោយ៖ KPS99TV


