ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ធនាគារជាតិ៖ អ្នកដាក់ប្រាក់នៅធនាគារព្រីនស៍ត្រូវរៀបចំឯកសារដកប្រាក់តាមលំដាប់អាទិភាពច្បាប់

KPS99TV

សេចក្តីសង្ខេប

ធនាគារជាតិបានជូនដំណឹងនៅថ្ងៃទី៨ ខែមករាថា អតិថិជនធនាគារព្រីនស៍ត្រូវរៀបចំឯកសារដកប្រាក់តាមលំដាប់អាទិភាពស្របច្បាប់ និងបន្តសងប្រាក់កម្ចី។ ក្រុមហ៊ុនម៉ូរីសុនកាក់គ្រប់គ្រងប្រតិបត្តិការ និងទ្រព្យសម្បត្តិ ខណៈសេវាធនាគារថ្មីត្រូវបានផ្អាក។

ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ បានជូនដំណឹងដល់អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក អាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់តាមលំដាប់អាទិភាពស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ចំណែក អ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក ក៏ត្រូវបន្តបំពេញកាតព្វកិច្ចបង់ប្រាក់ត្រឡប់មកវិញជាធម្មតាដែរ។

តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ធនាគារជាតិនៃកម្ពុជា បានចាត់តាំងក្រុមហ៊ុនម៉ូរីសុនកាក់ ជាអ្នកទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ចាប់ពីពេលជូនដំណឹងនេះតទៅ។ ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើក៏ដូចជាអតិថិជននានា ហើយធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។

ការបញ្ជាក់ជូនខាងលើ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកម្ពុជាចាប់ខ្លួនលោក Chen Zhi ស្ថាបនិកនិងជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប រួមទាំងជនជាតិចិនចំនួនពីររូបផ្សេងទៀតគឺលោក ស៊ូ ជី លាំង (Xu Ji Liang) និងលោក សៅ ជី ហ៊ុយ (Shao Ji Hui) ។ លោក Chen Zhi ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន។ តាមការប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៧ ខែមករា សញ្ជាតិខ្មែររបស់លោកត្រូវបានដកហូតកាលពីខែធ្នូ ឆ្នាំ២០២៥៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…