ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានមកទស្សនាប្រាសាទបាយ័ន ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិខ្មែរ។
ក្នុងដំណើរកម្សាន្តទស្សនាប្រាសាទបាយ័ន ភ្ញៀវទេសចរបានទទួលការពន្យល់បកស្រាយអំពីប្រវត្តិសាស្ត្រ និងអត្ថន័យរូបចម្លាក់លើប្រាសាទពីសំណាក់មគ្គុទ្ទេសទេសចរណ៍ ដែលបានជួយបង្កើនការយល់ដឹង និងការកោតសរសើរចំពោះស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។
ការពន្យល់យ៉ាងលម្អិត និងបរិយាកាសទេសចរណ៍ដ៏រស់រវើក បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញស្នាមញញឹម និងភាពពេញចិត្តចំពោះប្រាសាទបាយ័ន ដែលត្រូវបានទទួលស្គាល់ថាជាសំណង់ប្រវត្តិសាស្ត្រដ៏ល្អស្អាត និងកម្រ នៅលើពិភពលោក ដែលបុព្វបុរសខ្មែរ បានកសាងទុកជាមរតកសម្រាប់កូនចៅគ្រប់ជំនាន់៕ ដោយ៖ ប៉ៃ សុឃីម





