ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្នុងឆ្នាំ២០២៥ កម្ពុជា បើកទីផ្សារថ្មី នាំចេញផលិតផលទៅកាន់ ១៦៩ ប្រទេស

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោកស្រី ចម និម្មល ថ្លែងនៅសន្និបាតថ្ងៃទី៨ មករាថា ឆ្នាំ២០២៥ កម្ពុជានាំផលិតផលទៅ១៦៩ប្រទេស និងមានពាណិជ្ជកម្មសរុបជិត៦៦ពាន់លានដុល្លារ។ ក្រសួងនឹងពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមករា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា បានធ្វើពិពិធកម្មទីផ្សារទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ដោយបើកទីផ្សារថ្មីៗ និងនាំចេញផលិតផលកើនដល់ ១៦៩ ប្រទេស ក្នុងឆ្នាំ២០២៥។

លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ក្នុងឆ្នាំ២០២៥ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ប្រទេសចិន អាស៊ាន សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ អូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអេមីរ៉ាត់អារ៉ាប់រួម ជាដើម ដែលសម្រេចបានទំហំពាណិជ្ជកម្មសរុប ក្នុងទឹកប្រាក់ប្រមាណជិត ៦៦ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។

លោកជំទាវ ចម និម្មល បានបញ្ជាក់ថា ការកើនឡើងនៃទីផ្សារថ្មីសម្រាប់ការនាំចេញផលិតផល នឹងជួយលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងសកល ព្រមទាំងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ នៅក្នុងខ្សែច្រវាក់តម្លៃ សម្រាប់ផលិតកម្ម និងវិនិយោគិន។

ចំពោះទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងកាបូប អង្ករ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដំឡូងមី សំបកកង់យានយន្ត ជ័រកៅស៊ូ គ្រឿងអេឡិចត្រូនិក កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងសង្ហារឹម និងចំណីសត្វ ជាដើម។

លោកជំទាវ រដ្ឋមន្ត្រី បានអះអាងថា ក្រសួងពាណិជ្ជកម្ម នឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មីៗ ធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ព្រមទាំងរក្សាស្ថិរភាពទីផ្សារក្នុងស្រុកផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…