អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានអះអាងថា ពេលនេះក្រសួងអប់រំកំពុងបើកការស្រាវជ្រាវ ដើម្បីសិក្សារកការពិត និងចាត់វិធានការទៅលើករណីចោទប្រកាន់នាយកសាលាមួយរូបថា បានសុំប្រាក់ខែគ្រូបង្រៀនកិច្ចព្រមព្រៀងចំនួនមួយខែ។
កាលពីថ្ងៃទី៥ ខែមករា ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា “គ្រូ” បានបង្ហោះនៅលើបណ្តាញសង្គមថា «មាននាយកសាលាបឋមសិក្សាម្នាក់ ត្រូវគ្រូកិច្ចព្រមព្រៀងរាយការណ៍ថា បានសុំប្រាក់ខែគាត់ចំនួន១ខែ ដូចគ្រូកិច្ចសន្យាទាំងអស់ដែលបង្រៀននៅសាលានោះ» ខណៈឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលទៅបញ្ចេញមតិថា «នេះជាទម្លាប់អាក្រក់, សាលាណា ដកចោលជាគំរូ»។
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាគ្រូបង្រៀនដែលត្រូវបានជ្រើសរើសដោយក្រសួងមុខងារសាធារណៈ ដើម្បីទៅបង្រៀននៅតាមសាលាបឋមសិក្សាដែលខ្វះខាតគ្រូ។ ដោយឡែកគ្រូបង្រៀនជាប់កិច្ចសន្យាវិញ ត្រូវបានជ្រើសរើសដោយមន្ទីរអប់រំ យុវជន និងកីឡា និងមានការចូលរួមពីមន្ទីរមុខងារសាធារណៈ។
ខណៈពេលនេះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅដល់ទីតាំងដែលត្រូវចោទប្រកាន់ ហើយចំពោះករណីនាយកសាលារូបនេះ ក្រុមការងារកំពុងរៀបចំរបាយការណ៍ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងកំពុងរង់ចាំការសម្រេច៕
ដោយ៖ ចិន្តា ទីទិ


