ទីបំផុត!! ប្រជានេសាទខ្មែរ៤នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ បានវិលត្រឡប់មកមាតុភូមិវិញហើយដោយសុខសុវត្ថិភាព។ បើតាមលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១១ ខែមករានេះថា៖ «សូមស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល "ស្ងាត់តែមិនស្ងៀម"»។
សូមជម្រាបថា ប្រជានេសាទខ្មែរ៤នាក់ រួមជាមួយទូក១គ្រឿង ត្រូវបានកងទ័ពជើងទឹកថៃ បានចូលចាប់ខ្លួន កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៦ ខែមករា នៅក្នុងដែនសមុទ្រកម្ពុជា ស្ថិតនៅចំណុចកោះយ៉ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រោយហេតុការណ៍នេះ អភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជានេសាទសមុទ្រនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាទាំងអស់ឱ្យចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត


