ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រាសាទព្រះវិហារខូចខាត១៤២កន្លែងនិងតំបន់ជុំវិញ៤២កន្លែងដោយសារយោធាថៃទម្លាក់គ្រាប់បែក!

KPS99TV

សេចក្តីសង្ខេប

ក្រសួងវប្បធម៌បានរាយការណ៍ថា ការខូចខាតខែកក្កដារួមមានប្រាសាទ១៤២កន្លែង តំបន់ជុំវិញ៤២កន្លែង និងសហគមន៍៦០កន្លែង ខណៈការខូចខាតខែធ្នូធ្ងន់ធ្ងរជាងមុន ហើយបានបញ្ជូនរបាយការណ៍ទៅយូណេស្កូ និងសហគមន៍អន្តរជាតិ។

ប្រាង្គប្រាសាទព្រះវិហារខូចខាត១៤២កន្លែងនិងតំបន់ជុំវិញ៤២កន្លែងដោយសារការទម្លាក់គ្រាប់បែកពីលើអាកាសដោយដ្រូន និងយន្តហោះចម្បាំងរបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ដូច្នេះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។

បើតាមក្រសួងវប្បធម៌ ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាតប្រាង្គប្រាសាទព្រះវិហារចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។

ចំណែក ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការខូចខាតទាំងនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា គឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

ចំណែក ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលើពិភពលោកនេះ និងជាទីតាំងមានសក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងកម្ទេច បំផ្លិចបំផ្លាញដ៍មហាឃោរឃៅព្រៃផ្សៃ ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់សៀម! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ!!»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះជូនដល់អង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។ ក្រសួងបានអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្តល់ការគាំទ្រដល់វិធានការបន្ទាន់ នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម គាំទ្រដល់ការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀត និងជួសជុលស្តារប្រាសាទឡើងវិញ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…