ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រោងចក្រផលិតសំបកកង់រថយន្តដ៏ថ្មីស្រឡាងបានបើកដំណើរការជាមួយទុនជិត៣០០លានដុល្លារនៅខេត្តស្វាយរៀង

KPS99TV

សេចក្តីសង្ខេប

រោងចក្រវ៉ាន់លី ថាយអឺរ នៅបាវិតសម្ពោធថ្ងៃទី១២ មករា ជារោងចក្រសំបកកង់ទី៧នៅកម្ពុជា មានទុនដំបូងជិត៣០០លានដុល្លារ និងសមត្ថភាពដំបូង៦លានសំបកក្នុងមួយឆ្នាំ។

បន្ទាប់ពីចាយពេល១ឆ្នាំក្នុងការសាងសង់, រោងចក្រផលិតសំបកកង់រថយន្តថ្មីស្រឡាងមួយទៀត បានសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ។ នេះជារោងចក្រផលិតសំបកកង់រថយន្តទី៧ហើយដែលបានបើកដំណើរការនៅកម្ពុជា។

រោងចក្រនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិនជាមួយទុនដំណាក់កាលដំបូងជិត៣០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង៦០០កន្លែង។ រោងចក្រផលិតសំបកកង់រថយន្តទី៧នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ផលិតសំបកកង់ម៉ាកល្បីៗដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND… សម្រាប់នាំចេញទៅកាន់ទីផ្សារជាច្រើនលើពិភពលោក។ ការវិនិយោគនៅកម្ពុជា គឺជារោងចក្រក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន។ សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាខ្ពស់។

រោងចក្រផលិតសំបកកង់រថយន្តនេះ មានសមត្ថភាពផលិតសំបកកង់បានប្រមាណ ៦លានសំបកក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលដំបូង ហើយបានរហូតដល់១២លានសំបក នៅពេលរោងចក្រដំណើរការបានពេញលេញនៅចុងឆ្នាំ២០២៦នេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនូវសមិទ្ធផលថ្មីនេះដែលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការសាទរចំពោះការសម្ពោធជាផ្លូវការនូវរោងចក្រ និងបានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន គឺជាការជឿទុកចិត្តចំពោះបរិយាកាសវិនិយោគ ស្ថានភាពទីផ្សារ និងស្ថេរភាពនយោបាយនៅកម្ពុជា។

ជាការកត់សម្គាល់៖ រោងចក្រផលិតសំបកកង់រថយន្តសម្រាប់ការនាំចេញ ទើបតែលេចរូបរាងបង្កើតឡើងក្នុងប្រទេសកម្ពុជានារយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន៧ កំពុងផលិតសំបកកង់រថយន្តនាំទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឆ្នាំ២០២៥ កម្ពុជា ផលិតនិងនាំចេញសំបកកង់រថយន្តបានចំនួន ៣១លានសំបក ស្មើនឹងទឹកប្រាក់ប្រមាណ ១,៣៨៥លានដុល្លារអាមេរិក៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…