ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរក្រុងព្រះសីហនុឱ្យអ្នករត់កង់បីបញ្ឈប់ការចតលើក្រានីតចិញ្ចើមផ្លូវខណៈពលរដ្ឋស្នើឱ្យរៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារលើ

KPS99TV

សេចក្តីសង្ខេប

អភិបាលក្រុងព្រះសីហនុអំពាវនាវឱ្យអ្នករត់កង់បីបញ្ឈប់ការចតលើក្រានីតចិញ្ចើមផ្លូវ ខណៈពលរដ្ឋស្នើរៀបចំការចតឡាន ម៉ូតូ និងPassapp នៅមុខផ្សារលើ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានណែនាំឱ្យអ្នករត់កង់បីទាំងអស់បញ្ឈប់ការចតលើក្រានីតចិញ្ចើមផ្លូវ ខណៈប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរក្រុងរៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារលើ ដោយសារឡាន ម៉ូតូ និងកង់បី Passapp ចតនៅពេញផ្លូវពិបាកក្នុងការធ្វើដំណើរនិងកកស្ទះចរាចរណ៍។

ការស្នើដូច្នេះរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ធ្វើឡើងនៅពេលលោកអភិបាលក្រុងបានបង្ហោះសារលើទំព័រហ្វេសប៊ុកនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះថា៖ «អាចទេបងប្អូនអ្នករត់កង់បីទាំងអស់បញ្ឈប់ការចតលើក្រានីតចិញ្ចើមផ្លូវ?។ បញ្ឈប់ការចតលើក្រានីត គឺចូលរួមថែរក្សាសម្បត្តិសាធារណៈ និងលើកកម្ពស់សោភណភាពទីក្រុង!»។

ក្រោយពីមានការបង្ហោះសារបែបនេះ ក៏មានប្រជាពលរដ្ឋម្នាក់រស់នៅក្នុងខេត្តព្រះសីហនុ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Lin បានចូលខមិនដូច្នេះថា៖ «ក្នុងនាមខ្ញុំជាប្រជាជនមួយរូបនៅខេត្តព្រះសីហនុ សូមស្នើរដល់ក្របខណ្ឌដែលពាក់ព័ន្ធ សូមជួយសម្រួលនិងរៀបចំសណ្ដាប់ធ្នាប់ការចត មិនថាឡាន ម៉ូតូ ជាពិសេស កង់បី Passapp ... ឱ្យមានរបៀបរៀបរយនៅមុខផ្សារលើតែម្ដង ព្រោះពួកអស់លោកមួយចំនួនធំចតចោល ហៅម៉ូយពេញផ្លូវ។ ខ្លាំងជាងគេ គឺពេលល្ងាចចតស៊ីអស់ពាក់កណ្ដាលផ្លូវ(គំនូសលឿង) តែម្ដង»។

ចំណែកពលរដ្ឋម្នាក់ទៀត បានបញ្ចេញមតិថា៖«សូមបងប្អូនយើងអ្នករត់ Passapp មេត្តាជួយ និងយល់ដឹងពីរបៀបរបប សណ្តាប់ធ្នាប់ ចរាចរណ៍ប្រកបដោយសីលធម៌ និងសេចក្តីថ្លៃថ្នូរ!»។ ដោយឡែក ពលរដ្ឋម្នាក់ទៀត ក៏បានចូលបញ្ចេញមតិដែរថា៖ «ខុសតែកង់បីចុះឡានកឺៗ»។ ក្នុងនោះលោកអភិបាលក្រុង ក៏បានតបវិញថា ឡានក៏មានតែតិចតួច។ ឡានដែលឆ្មក់ចតមួយចំនួនបានទទួលរងការផាកពិន័យផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…