ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ជំរុញការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥នៅខេត្តកែប ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញសហគមន៍នេសាទទាំង៥នៅកែបឱ្យអភិវឌ្ឍទេសចរណ៍និងវារីវប្បកម្មសមុទ្រ ដោយក្រុមការងារបានពិនិត្យសក្តានុពលនៅអង្កោលនិងអូរក្រសារ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប ជំរុញការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥នៅខេត្តកែប កំពុងដំណើរការទៅរកការអភិវឌ្ឍន៍ទៅជាសហគមន៍នេសាទទេសចរណ៍ និងវារីវប្បកម្មសមុទ្រ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាពិសេសប្រជាជនរស់នៅតាមមាត់សមុទ្រ ហើយក្រុមការងារបានចុះពិនិត្យសក្តានុពលទីតាំងជាក់ស្តែងនៅសហគមន៍អង្កោល និងអូរក្រសារ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ។

ការចុះពិនិត្យនេះ ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការជំរុញធ្វើវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលជលផល សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបររបស់សមាជិកសហគមន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសសហគមន៍នេសាទតំបន់ឆ្នេរ ដោយជំរុញភាពជាដៃគូរវាងដៃគូអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាបាននូវការប្រើប្រាស់ធនធានជលផលសមុទ្រដោយចីរភាព និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ដែរថា ខេត្តកែបមានសហគមន៍ចំនួន៥ដែលមានសក្តានុពល រួមមាន សហគមន៍នេសាទកែប សហគមន៍នេសាទ អូរក្រសារ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពុងត្រឡាច និងសហគមន៍នេសាទអង្កោល៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…