បន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ នៅរង្វង់មូលខេត្តឧត្តរមានជ័យដែលជាសមិទ្ធផលថ្មីមួយរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត ហើយមានបុគ្គល និងសាធារណជនមួយចំនួនបានយករូបភាពទាំងនោះមកបង្ហោះបន្តសរសេររិះគន់ និងខ្លះចូលបញ្ចេញមតិថាមិនគួរណាយករូបព្រះពុទ្ធមកឆ្លាក់ដាក់នៅជើងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាទេពព្រហ្មញ្ញសាសនា ដែលជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាដើម។
ជុំវិញនឹងករណីនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ចំពោះ រូបសំណាករង្វង់មូលខេត្តឧត្តរមានជ័យនេះគឺជារូបរបស់ព្រះពោធិសត្វលោកេស្វរៈ ធ្វើពីថ្មភក់ ព្រះហស្តប្រាំបីកាន់កេតនភណ្ឌ ផ្សេងៗ មានឆ្លាក់រូបព្រះពុទ្ធតូចៗ នៅលើព្រះកាយនិងព្រះបាទា ដែលឆ្លាក់ចម្លងតាមទម្រង់រូបបុរាណ ដែលដាក់តាំងនៅសារ មន្ទីរជាតិកម្ពុជា និងរូបមួយចំនួនតាំងនៅអភិរក្សដ្ឋានអង្គរ ហើយស្ថិតក្នុងសម័យអង្គរ រចនាបថបាយ័ន នាចុងស.វ ទី១២ ដើម ស.វ ទី១៣ ជារូបនៅក្នុងពុទ្ធសាសនាមហាយាន ដែលមានការគោរពប្រណិប័តន៍យ៉ាងមុតមាំ និងមានឥទ្ធិពល នៅក្នុងសង្គម ខ្មែរតាំងពីសម័យបុរាណមកម្លេះ។ ពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលក្នុងនោះមានប្រាសាទជាច្រើនដែល តម្កល់និងឆ្លាក់បង្ហាញនៅលើជញ្ជាំង នូវរូបព្រះពោធិសត្វលោកេស្វរៈអង្គនេះ មានដូចជា ប្រាសាទតាព្រហ្ម (ទន្លេបាទី) ប្រាសាទបាកាណ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមួយចំនួនក្នុងតំបន់អង្គរជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មាននោះ បានបញ្ជាក់បន្ថែមថា សព្វថ្ងៃមានរូបព្រះពោធិសត្វលោកេស្វរៈជា ច្រើនដែលបានតម្កល់នៅតាមសារមន្ទីរនានា និងនៅអភិរក្សដ្ឋានអង្គរដែលសាធារណជនអាចចូលទៅទស្សនា និងសិក្សាឈ្វេងយល់បន្ថែម។ អាស្រ័យហេតុនេះ មន្ទីរវប្បធម៌ខេត្ត បានអំពាវនាវដល់សាធារជនមេត្តាជ្រាបជាព័ត៌មាន និងសូមកុំយល់ច្រឡំថាជារូបព្រះវិស្ណុ ព្រោះការឆ្លាក់ឡើង សុទ្ធតែបានចម្លងចេញរូបលោកេស្វរៈ ប្រភពដើម ដែលមានការគោរពនៅក្នុងសង្គមខ្មែរតាំងពីបុរាណរៀងមក៕
ដោយ៖ ង៉ែត ពិសាន្ត
















