រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាតមីនក្នុងដំណាក់កាលទី៣នៅខេត្តគោលដៅចំនួន៣ដែលជាប់ព្រំដែនជាមួយថៃរួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ខណៈគិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុបចំនួន ១,៦៩៧ គីឡូម៉ែត្រក្រឡា។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ រវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហិរញ្ញប្បទាននេះ ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ (CMAC) ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១លានដុល្លារអាមេរិក។ គម្រោងនេះ សម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ខែមករា ២០២៦-១៥ មករា ២០២៨។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបឱ្យដឹងថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀត។ បើតាមឯកឧត្តម ហេង រតនា ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។
បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀតជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត








