អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានចាត់តាំងមន្ត្រី៥រូបឱ្យចុះស៊ើបអង្កេតលើអភិបាលរងខេត្តតាកែវម្នាក់ និងអភិបាលស្រុកបាទី រួមទាំងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាទី ដោយសារតែប្រើអំណាច និងតួនាទីយកដីពីប្រជាពលរដ្ឋស្របច្បាប់ឱ្យទៅអ្នកផ្សេង។
ការចុះស៊ើបអង្កេតស្រាវជ្រាវនេះគឺយោងតាមពាក្យបណ្តឹងចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់លោកស្រី ចក់ គន្ធា នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងចំណាររបស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមលិខិតរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលជម្រាបជូនឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។
យ៉ាងណា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីលោកស្រី ចក់ គន្ធា ដែលបានប្តឹងលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ លោក ភួន ឈឹម អភិបាលស្រុកបាទី និងលោក ទូច សារុន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាទីថា បានគប់គិតគ្នាប្រើប្រាស់អំណាច និងតួនាទីគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ ដើម្បីយកដីប្រជាពលរដ្ឋ និងដីដែលមានប័ណ្ណកម្មសិទ្ធិប្រគល់ឱ្យឈ្មោះ នី អៀម។ ជុំវិញនឹងករណី ក្រសួងបានចាត់តាំងមន្រ្តីជំនាញចំនួន៥រូបឱ្យចុះស៊ើបអង្កេតលើករណីនេះកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦តទៅ។ ចំណែក អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានសូមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ផ្តល់កិច្ចសហការជាមួយក្រុមការងារ ដើម្បីបំពេញភារកិច្ចប្រកបដោយភាពជោគជ័យដែរ៕
ដោយ៖ ង៉ែត ពិសាន្ត










