អ្នកជម្រះបញ្ជីដែលត្រូវបានតែងតាំងជាផ្លូវការរបស់ធនាគារព្រីនស៍បានចេញសេចក្តីជូនដំណឹងដល់អ្នកដាក់ប្រាក់និងម្ចាស់បំណុលទាំងអស់របស់ធនាគារ ឱ្យទៅកាន់ទីតាំងដែលបានកំណត់ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដើម្បីផ្តល់ព័ត៌មាននិងឯកសារបញ្ជាក់ពាក់ព័ន្ធ សម្រាប់ទាមទារសំណង។
តាមសេចក្តីជូនដំណឹង អ្នកដាក់ប្រាក់និងម្ចាស់បំណុលត្រូវទៅដោយផ្ទាល់ ឬតាមរយៈមេធាវី ដើម្បីដាក់ភស្តុតាងឬការទាមទារពាក់ព័ន្ធនៅជាន់ទី១ នៃទីស្នាក់ការកណ្តាលធនាគារព្រីនស៍ លេខ៤៤៥ មហាវិថីព្រះមុនីវង្ស ក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ។ សេចក្តីជូនដំណឹងព្រមានថា អ្នកដាក់ប្រាក់ឬម្ចាស់បំណុលដែលហួសកាលកំណត់នេះ នឹងមិនអាចទាមទារចំណែកសំណងណាមួយបានទៀតឡើយ។
សេចក្តីជូនដំណឹងក៏សង្កត់ធ្ងន់ថា អ្នកដែលបានខ្ចីប្រាក់ពីធនាគារព្រីនស៍ ត្រូវបន្តបំពេញកាតព្វកិច្ចសងប្រាក់តាមធម្មតា។







