ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ ៖ដាក់ចេញវិធានការតឹងរ៉ឹងដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពខេត្តព្រះសីហនុសម្រាប់ពលរដ្ឋ ភ្ញៀវទេសចរ និងការវិនិយោគ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អភិបាលខេត្តព្រះសីហនុដាក់វិធានការគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ បង្ក្រាបល្បែងខុសច្បាប់និងគ្រឿងញៀន និងពង្រឹងសុវត្ថិភាពទេសចរណ៍ ចរាចរណ៍ និងអគ្គិភ័យ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញវិធានការតឹងរ៉ឹងដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពរបស់ខេត្តព្រះសីហនុសម្រាប់ពលរដ្ឋ ភ្ញៀវទេសចរ និងការវិនិយោគ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះក្នុងកិច្ចប្រជុំជម្រុញការអនុវត្តការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្នុងខេត្ត កិច្ចប្រជុំផ្តោតសំខាន់៖ ការគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ គ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីស្នាក់នៅ និងទប់ស្កាត់បទល្មើសផ្សេងៗ។

បង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន ដាក់ចេញវិធានការ "ដូចភ្លៀងរលឹម" ក្នុងការបង្ក្រាបល្បែងអនឡាញខុសច្បាប់ក្រៅតំបន់កាស៊ីណូ ក្មេងទំនើង និងគ្រឿងញៀន។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីរាជការដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត។

ពង្រឹងសុវត្ថិភាពទេសចរណ៍ និងវិនិយោគ ហើយសន្តិសុខគឺជាកត្តាសំខាន់ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ ព្រោះបច្ចុប្បន្ន ខេត្តបានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៥៣០ គ្រឿង និងគ្រោងបំពាក់បន្ថែមជាង ២០០ គ្រឿង ទៀតនៅតាមដងផ្លូវសំខាន់ៗ។

សុវត្ថិភាពចរាចរណ៍ និងអគ្គិភ័យ ត្រូវជម្រុញការអប់រំច្បាប់ចរាចរណ៍ទាំងផ្លូវគោក និងផ្លូវទឹក (ជាពិសេសការប្រើប្រាស់អាវពោងសម្រាប់ភ្ញៀវទៅតាមកោះ) ព្រមទាំងបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ។

ការគាំពារជនភៀសសឹក បន្តយកចិត្តទុកដាក់មាន ប្រមាណជាង ៥០០ គ្រួសារនិងជម្រុញឱ្យពួកគេងាកមកចាប់យកឱកាសការងារក្នុងខេត្តព្រះសីហនុ ដែលកំពុងត្រូវការកម្លាំងពលកម្មរាប់ពាន់កន្លែង។

ឯកឧត្តម ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា យើងត្រូវពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាពរបស់ខេត្តព្រះសីហនុសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការវិនិយោគ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធដែលបានបង្ក្រាបបទល្មើស (បង្ខាំងជំរិត និងជួញដូរមនុស្ស) បានស្ទើរតែ ១០០% នាពេលកន្លងមក និងបានណែនាំឱ្យបន្តអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…