បើយោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី ១២ ខែមករា ម្សិលមិញបានបញ្ជាក់ថា កម្លាំងនគរបាលកម្ពុជា បានបង្ក្រាបករណីចាប់ជំរិត និងឃុំខ្លួនពលរដ្ឋចិនខុសច្បាប់ចំនួន ២ ករណី នៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ដោយបានជួយសង្គ្រោះពលរដ្ឋចិនចំនួន ១០ នាក់ និងចាប់ខ្លួនជនសង្ស័យជនជាតិចិន ៨ នាក់។
ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋចិន ពង្រឹងការយល់ដឹងអំពីសុវត្ថិភាព ប្រុងប្រយ័ត្នក្នុងការរាប់អានមិត្តភក្តិ កុំទុកចិត្តអ្នកដទៃងាយពេក និងកុំបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដោយមិនចាំបាច់។
ស្ថានទូតចិន បានគូសបញ្ជាក់ថា ក្នុងករណីថ្មីៗជាច្រើនដែលពាក់ព័ន្ធនឹងការចាប់ជំរិត និងឃុំខ្លួនពលរដ្ឋចិននៅកម្ពុជា ជនសង្ស័យភាគច្រើនជាជនជាតិចិនដូចគ្នា។
បើតាមស្ថានទូតចិនបានបញ្ជាក់ថា ស្ថានទូតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងការការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិននៅកម្ពុជា ហើយនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ដើម្បីបង្ក្រាបយ៉ាងម៉ឺងម៉ាត់រាល់សកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងពលរដ្ឋចិន។
ស្ថានទូតចិនបានសង្កត់ធ្ងន់ថា ការល្បួងដោយការផ្តល់ «ប្រាក់ខែខ្ពស់» អាចនាំឱ្យបុគ្គលធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ ដូចជា ការឃុំខ្លួនខុសច្បាប់ អំពើហិង្សា និងហានិភ័យសុវត្ថិភាពផ្សេងៗ។ ជាមួយគ្នានេះ ស្ថានទូតក៏បានរំលឹកជាថ្មីថា ការលួចឆ្លងដែនខុសច្បាប់ ត្រូវទទួលខុសត្រូវតាមច្បាប់ ហើយអាចធ្វើឱ្យអាជ្ញាធរកម្ពុជាពិបាកកំណត់អត្តសញ្ញាណ និងជួយសង្គ្រោះបានទាន់ពេលវេលា ដែលបង្កើនហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួន។
ជាមួយគ្នានោះ ស្ថានទូតចិនបានណែនាំឱ្យពលរដ្ឋចិនដែលមានគម្រោងធ្វើដំណើរមកកម្ពុជា ត្រូវស្វែងយល់ព័ត៌មានឱ្យបានច្បាស់ និងអាចទាក់ទងសួរនាំស្ថានទូតដើម្បីសុំជំនួយ។ ក្នុងករណីជួបប្រទះ ឬដឹងអំពីការគំរាមកំហែង ការឃុំខ្លួនខុសច្បាប់ ឬអំពើ Online Scam សូមរាយការណ៍ទៅអាជ្ញាធរចិន និងកម្ពុជាជាបន្ទាន់ និងទាក់ទងស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីសុំជំនួយ និងអន្តរាគមន៍បានទាន់ពេលវេលា។ ដោយ៖ ប៉ៃ សុឃីម







