ខេត្តព្រះសីហនុ៖ កិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដែលជាការលើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគនៅខេត្តព្រះសីហនុ ចំនួន ២៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១,០១៧ លានដុល្លារអាមេរិក បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ក្រោមការដឹកនាំដោយ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ជាលទ្ធផល អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៤ គម្រោង ក្នុងនោះ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៨ គម្រោង, គម្រោងវិនិយោគថ្មីចំនួន ១៥ គម្រោង និងគម្រោងពង្រីកចំនួន ១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣,១២០ កន្លែង។
គម្រោងទាំង២៤នេះ រួមមានជាអាទិ៍ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិនអាហារ រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ រោងចក្រផលិតសម្ភារៈពេទ្យ គម្រោងរោងចក្រកែច្នៃម្សៅត្រី អគារពហុមុខងារ និងអគារស្នាក់នៅរួម។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីក្រុមការងារសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងនានារួចហើយ ក្រុមការងារ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ និងសម្រួលនីតិវិធី ដើម្បីផ្តល់ការលើកទឹកចិត្តជាក់ស្តែងដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិនអាចដំណើរការវិនិយោគបានដោយរលូន។
លោកបណ្ឌិតសភាចារ្យបានបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍បន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរយៈពេល ២ឆ្នាំ រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយបន្ថែមវិធានការចំនួន ៤ បន្ថែមទៀត ដើម្បីជំរុញសកម្មភាពវិនិយោគ និងធុរកិច្ច សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ។
ផ្អែកតាមនេះ ក្រុមការងារមានភារកិច្ចស្នូលចំនួន ៤ រួមមាន៖ ១. ផ្តល់គោលការណ៍លើកទឹកចិត្ត ២. ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានអតិបរមា និងពង្រឹងសមត្ថភាពកម្មករ និយោជិត និងផលិតករ រួមទាំងការផ្ទេរជំនាញ និងបច្ចេកវិទ្យា ៤. ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងការតភ្ជាប់ឧស្សាហកម្ម។
សូមជម្រាបថា ក្នុងឆ្នាំ ២០២៤–២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ៤១២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧,៩៧១ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារបាន ៥២,០០៤ កន្លែង។ ក្នុងនោះ រួមមាន គម្រោងអគារជាប់គាំង ១៩៤ គម្រោង គម្រោងវិនិយោគថ្មី ១៧៨គម្រោង គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬស្នើសុំមកកាន់ក្រុមការងារ ដើម្បីទទួលបាន«អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ។
វិនិយោគិនអាចទំនាក់ទំនងតាមការិយាល័យរបស់ក្រុមការងារ ដូចជា៖ ១. ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬទូរស័ព្ទ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង(+៨៥៥) ១៦ ៣២១ ០១០។ ២. ការិយាល័យរាជធានីភ្នំពេញ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី២១ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទូរស័ព្ទ (+៨៥៥) ៩៣ ៨៥៨ ៥៤៣។ ដោយ៖ ប៉ៃ សុឃីម














