ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តប៉ៃលិនបញ្ជាក់ថាគ្មានទំនិញថៃឆ្លងកាត់តាមខេត្តប៉ៃលិននោះទេ

KPS99TV

សេចក្តីសង្ខេប

អភិបាលខេត្តប៉ៃលិន បាន ស្រីមុំ បានច្រានចោលការបង្ហោះអំពីទំនិញថៃ២០០–៣០០កុងតឺន័រចូលក្នុងមួយថ្ងៃ និងអំពាវនាវឱ្យអ្នកមានភស្តុតាងផ្តល់ព័ត៌មានដល់លោកស្រី។

ប៉ៃលិនមានតែច្រកទ្វារព្រំដែនអន្តរជាតិព្រំតែមួយគត់គ្មានច្រកល្បៀងនោះទេ ហើយទំនិញថៃក៏គ្មានការហូរចូលមកកម្ពុជាតាមរយៈខេត្តប៉ៃលិនដែរ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងដូច្នេះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ «អវតារ ស» បានបង្ហោះខ្លឹមសារថា ទំនិញថៃចូលតាមប៉ៃលិនជាមធ្យម២០០ទៅ៣០០កុងតឺន័រក្នុង១ថ្ងៃ..បន្តបណ្តាញចែកចាយដូចសរសៃឈាម...!។

ក្រោយពីមានការបង្ហោះចែកចាយនូវខ្លឹមសារខាងលើរួចមក លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា នេះជាព័ត៌មានក្លែងក្លាយ និងបានណែនាំឱ្យសាធារណៈជន ជាពិសេសអ្នកនៅក្នុងខេត្តផ្ទាល់ មុនជឿលើព័ត៌មានអ្វីមួយសូមមេត្តាតាមដានពិនិត្យមើលផេកអ្នកបង្ហោះឱ្យបានច្បាស់លាស់។

ប៉ុន្តែទោះបីជាយ៉ាងណា លោកជំទាវអភិបាលខេត្ត ក៏បានអំពាវនាវដូច្នេះថា៖ «បើសិនម្ចាស់ផេក ឬបងប្អូនទាំងក្នុងស្រុក អ្នកក្រៅស្រុកមានភស្តុតាងឃើញមានបទល្មើសទាំងនេះ សូមមេត្តាជូនព័ត៌មានដល់លោកស្រីផង។ មាសសុទ្ធមិនដែលខ្លាចភ្លើងទេ ហើយយើងជាមន្រ្តីជំនាញទទួលខុសត្រូវនៅទីនេះ គោរពតាមច្បាប់ បទបញ្ចា និងគាំទ្រជឿជាក់លើការដឹកនាំ និងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលយើងដោយភាពទទួលខុសត្រូវ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។ លោកជំទាវ សង្កត់ធ្ងន់ថា សូមមេត្តាកុំបង្កើតព័ត៌មានមិនពិតដោយចេតនាមិនល្អ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ យោធាថៃ បានបិទច្រកទ្វារព្រំដែនជាឯកតោភាគីជាមួយកម្ពុជាទាំងអស់ដែលគ្របដណ្ដប់លើខេត្តចំនួន៧របស់កម្ពុជា ខណៈប្រទេសកម្ពុជា ក៏បានឆ្លើយតបវិញដោយប្រកាសបិទច្រកទ្វារព្រំដែនតាមក្រោយ។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏បានបញ្ឈប់ការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងប្រព័ន្ធអ៊ីនធើណេតពីប្រទេសថៃ ជាពិសេសកម្ពុជាបានប្រកាសបញ្ឈប់ការចាក់បញ្ចាំងរឿងភាគីថៃទៀតផង ដើម្បីឆ្លើយតបនឹងការប្រកាសបិទព្រំដែនដោយឯកតោភាគី និងការគំរាមកំហែងពីប្រទេសថៃ។ ក្រោយពីមានហេតុការណ៍នោះកើតឡើង ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសបានប្រកាសពហិការមិនប្រើប្រាស់ទំនិញ និងផលិតផលរបស់ថៃតទៅទៀតផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…