ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ អ៊ុន សុគន្ធា៖ សន្តិភាពថ្ងៃនេះកើតពីការលះបង់ និងស្មារតីស្នេហាជាតិដ៏អង់អាចរបស់វីរកងទ័ពជួរមុខ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោកជំទាវ អ៊ុន សុគន្ធា ជួបសួរសុខទុក្ខនិងចែកអំណោយជុំទី៦ដល់គ្រួសារកងទ័ពនៅទឹកឈូ ថ្ងៃទី១៣ ខែមករា ដោយថ្លែងអំណរគុណចំពោះការលះបង់ និងអំពាវនាវឱ្យបន្តសាមគ្គីគ្នា។ ការឧបត្ថម្ភនេះមានគោលដៅ៧៧គ្រួសារ។

យើងទាំងអស់គ្នារស់នៅបានសុខសាន្តដូចថ្ងៃនេះ គឺដោយសារទឹកចិត្ត និងស្មារតីស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ របស់វីរកងទ័ពជួរមុខ និងក្រុមគ្រួសាររបស់ពួកគាត់។ ក្នុងនាមជាអ្នកជួរក្រោយ សូមថ្លែងអំណរគុណ និងចងចាំនូវគំរូវីរភាពដ៏អង់អាចនេះ ជារៀងរហូត។

លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកឈូ បានលើកឡើងដូចនេះ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជុំទី៦ ដល់ក្រុមគ្រួសារកងទ័ព ក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកឈូ បានមានប្រសាសន៍ថា ជម្លោះព្រំដែនកម្ពុជា–ថៃ កន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស មានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ដោយសារអំពើឈ្លានពានយ៉ាងព្រៃផ្សៃ របស់ទាហានថៃមកលើកម្ពុជា និងពលរដ្ឋស្លូតត្រង់របស់យើង ព្រមទាំងបានបាញ់បំផ្លាញប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងផ្ទះពលរដ្ឋ សាលារៀន វត្តអារាម អគាររដ្ឋបាល ផ្លូវ និងស្ពានជាច្រើនទៀត និងបានធ្វើឲ្យបាត់បង់ជីវិតវីរកងទ័ព និងជនស៊ីវិលជាច្រើននាក់។

លោកជំទាវ បានបញ្ជាក់ថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវ មានចក្ខុវិស័យវែងឆ្ងាយ និងភាពអត់ធ្មត់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសទឹកចិត្ត និងស្មារតីអង់អាចក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាង របស់វីរកងទ័ព និងក្រុមគ្រួសារកងទ័ព ក្នុងការការពារទឹកដីជាតិ រួមជាមួយការចូលរួមរបស់ពលរដ្ឋជួរក្រោយ បានធ្វើឲ្យអន្តរជាតិ អង្គការ សមាគម ស្ថាប័ន និងប្រទេសមហាអំណាចជុំវិញពិភពលោក គាំទ្រកម្ពុជា និងជួយអន្តរាគមន៍ជំរុញឲ្យមានបទឈប់បាញ់។

លោកជំទាវ បានថ្លែងអំណរគុណ និងចងចាំនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងស្មារតីលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់កងទ័ពជួរមុខ និងក្រុមគ្រួសារកងទ័ពទាំងអស់។ ជាមួយគ្នានេះ លោកជំទាវ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ មានស្មារតីឯកភាពជាតិ “ខ្មែរជួយខ្មែរ” និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីឈានទៅដោះស្រាយបញ្ចប់បញ្ហា និងទាមទារយុត្តិធម៌មកឲ្យកម្ពុជាវិញ។

សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលត្រូវប្រគល់ជូនក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៧៧ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ៤០ គីឡូក្រាម គ្រឿងឧបភោគបរិភោគ ១ កញ្ចប់ និងថវិកាចំនួន ២០ ម៉ឺនរៀល។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…