ប្រឡាយនាវាចរណ៍តាឯក ស្ថិតនៅឃុំតាឯក ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងបានហើយ ប៉ុន្តែត្រូវគោរពច្បាប់ជាធរមាន។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្ន ប្រឡាយនាវាចរណ៍តាឯក បានបញ្ចប់ការការបូមស្តារទាំងស្រុង ដែលមានប្រវែង ១០០០ម៉ែត្រ មាត់លើ៩០ម៉ែត្រ បាតក្រោម ៤០ម៉ែត្រ និងជម្រៅអប្បបរមា ៥ម៉ែត្រ។ ដូច្នេះ ក្រសួងអនុញ្ញាតដល់ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ អាចធ្វើនាវាចរណ៍តាមប្រឡាយនាវាចរណ៍តាឯកបាន ដោយគោរពទៅតាមវិធានពាក់ព័ន្ធនៅក្នុងបទប្បញ្ញត្តិនាវាចរណ៍ដែលមានជាធរមាន។ ក្រសួងបានបង្ហាញផែនទីនាវាចរណ៍របស់ប្រឡាយនាវាចរណ៍តាឯកសម្រាប់ម្ចាស់នាវ និងម្ចាស់ទូកផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងរក្សាសិទ្ធិក្នុងការបូមស្តារសម្រួលយកឧបសគ្គចេញឱ្យបានទាន់ពេលវេលា ក្នុងករណីមានការគោករាក់ផ្សេងៗនៅប្រឡាយនាវាចរណ៍តាឯក៕
ដោយ៖ ង៉ែត ពិសាន្ត









