ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យប្រាប់ឱ្យកម្មករ-និយោជិតទាក់ទងលេខ១២៨៦ចៀសវាងតវ៉ាបិទផ្លូវសាធារណៈ

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា អំពាវនាវឱ្យកម្មករទាក់ទង Hotline ១២៨៦ ដែលបម្រើ២៤ម៉ោង៧ថ្ងៃ ដើម្បីដោះស្រាយបញ្ហាការងារ និងចៀសវាងការតវ៉ាខុសនីតិវិធីឬបិទផ្លូវ មុនពេលទាក់ទងក្រសួង។

ដើម្បីដោះស្រាយបញ្ហាប្រឈមជូនកម្មករ-និយោជិតទាំងអស់ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិតទាក់ទងមកលេខ ១២៨៦ ដែលជាលេខ Hotline របស់ក្រសួង ក្នុងករណីមានបញ្ហាកើតឡើង។

កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ដូច្នេះថា៖ «នៅពេលបងប្អូនកម្មករ-និយោជិត មានបញ្ហាទាក់ទងនឹងលក្ខខណ្ឌការងារ ច្បាប់ការងារ ការរំលោភសិទ្ធិ ឬការជេរប្រមាថណាមួយនោះ សូមបងប្អូនទាក់ទងមកក្រសួងការងារ តាមរយៈលេខ Hotline ១២៨៦ ដែលធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍»។

នៅពេលទទួលបានព័ត៌មាន ឬសំណើពីបងប្អូនកម្មករ-និយោជិតភ្លាម ក្រសួងការងារ នឹងចាត់មន្ត្រីជំនាញចុះទៅអន្តរាគមន៍សម្របសម្រួលដោះស្រាយជូនដោយលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងការងារ និងបានអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ ចៀសវាងនូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ ខណៈដែលមិនទាន់បានទាក់ទងមកក្រសួង ដើម្បីឱ្យជួយដោះស្រាយជូននៅឡើយ។

បើតាមអ្នកនាំពាក្យរូបនេះ សូមបងប្អូនជឿទុកចិត្តមកលើយន្ដការសម្របសម្រួលដោះស្រាយរបស់ក្រសួងការងារ ហើយប្រគល់បញ្ហារបស់បងប្អូនឱ្យមន្ត្រីជំនាញដោះស្រាយជូន ដោយលោកថា សំណូមពរ និងបញ្ហារបស់កម្មករ-និយោជិត គឺក្រសួងការងារតែងតែយកចិត្តទុកដាក់ដោះស្រាយ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…