នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នការឆបោកកម្ចីអនឡាញ មុននឹងខ្ចីប្រាក់តាមអនឡាញត្រូវពិចារណាឱ្យបានហ្មត់ចត់ បន្ទាប់ពីមានជនរងគ្រោះចាញ់បោកកម្ចីអនឡាញឈ្មោះ "ម៉ាដាម អត្រាកម្ចីប្រាក់" ដោយមិនបានឱ្យប្រាក់កម្ចីដល់ជនរងគ្រោះ ថែមទាំងយកឯកសាររបស់ជនរងគ្រោះមកគំរាម និងយករូបថតមិត្តភក្កិ បងប្អូនជនរងគ្រោះយកទៅបង្ហោះបរិហារកេរ្តិ៍ទៀតផង។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករានេះថា ថ្មីៗនេះឃើញមានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធនិងការឆបោកកម្ចីអនឡាញ ក្រោមទំព័រហ្វេសប៊ុកឈ្មោះ "ម៉ាដាម កម្ចី" បានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ។ ក្នុងនោះ នាយកដ្ឋាន បានពន្យល់ដូច្នេះថា នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក (Messenger) ពេលនោះគេតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមឈ្មោះ "ម៉ាដាម អត្រាកម្ចីប្រាក់" ភ្ជាប់នឹងលេខ 011 940 695។ ក្រោយពួកគាត់ជជែកព្រមព្រៀងតាមតម្លៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិកក៏បានឱ្យពួកគាត់ ថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការជាដើម។ បន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យពួកគាត់ស្កេន QR Code ដើម្បីវេរលុយជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាលជាដើម។
នាយកដ្ឋានជំនាញ បានបន្ថែមថា ក្រោយពីទទួលបានប្រាក់ ជនអនាមិកនោះនៅតែបន្តឱ្យវេរលុយជាបន្តបន្ទាប់រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានឱ្យប្រាក់កម្ចីដល់ជនរងគ្រោះនោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះបានផ្ញើឱ្យ មកធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះទៀតផង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជនមេត្តាពិនិត្យ ពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយៈអនឡាញ ជាពិសេសសូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ? មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕
ដោយ៖ ង៉ែត ពិសាន្ត







