ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា ខិតខំជំរុញឱ្យអន្តរជាតិជួយអន្តរាគមន៍ ដើម្បីឱ្យជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យស្តីទីក្រសួងការបរទេស លោក ចាន់ រតនា ថាកម្ពុជា និងស្ថានបេសកកម្មការទូតបន្តជំរុញការគាំទ្រអន្តរជាតិ ដើម្បីឱ្យជនភៀសសឹកទាំងអស់វិលទៅផ្ទះដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ។

អ្នកនាំពាក្យស្តីទីក្រសួងការបរទេស នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា « ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង»។

ទន្ទឹមនេះ កម្ពុជាក៏ជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញ ព្រមទាំងបញ្ឈប់រាល់វិធានការនានាក្នុងចេតនាពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជាដែលយោធាថៃបានប្រើកម្លាំងដើម្បីកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរដោយផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…