ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមក្មេងទំនើង ២ ក្រុម នៅខេត្តប៉ៃលិន បើកឆាកប្រយុទ្ធគ្នា ដោយប្រើដាវ និងកាំបិត ត្រូវបាននគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនចំនួន ១០ នាក់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នគរបាលក្រុងប៉ៃលិនឃាត់ខ្លួនមនុស្ស១០នាក់ជាបន្តបន្ទាប់ ក្រោយជម្លោះពីរក្រុមនៅថ្ងៃទី១២ ខែមករា និងដកហូតកាំបិត៦ដើម ខ្សែក្រវាត់ក្បាលដែក១ និងម៉ូតូ២គ្រឿង ខណៈបន្តស្វែងរកជនសង្ស័យដែលគេចខ្លួន។

កម្លាំងនគរបាលក្រុងប៉ៃលិន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីករណីក្មេងទំនើង២ក្រុម បង្កហិង្សាទៅវិញទៅមក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៨:០០ នាទី នៅភូមិអូរតាពុកលើ ក្រុងប៉ៃលិន។

ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលក្រុងប៉ៃលិន បានចុះអន្តរាគមន៍បង្ក្រាបភ្លាមៗ និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ៥នាក់ ព្រមទាំងដកហូតអាវុធកែច្នៃ និងម៉ូតូ ២ គ្រឿង។

បន្តស្រាវជ្រាវ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនបក្សពួកបន្ថែម ចំនួន ២ នាក់ ហើយបន្តឃាត់ខ្លួនក្រុមជម្លោះម្ខាងទៀត បានចំនួន ៣ នាក់ ព្រមទាំងដកហូតកាំបិត និងដាវកែច្នៃ។

សរុប សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងទាំង ២ ក្រុម បានចំនួន ១០ នាក់ ដកហូតវត្ថុតាងរួមមាន កាំបិត ៦ ដើម ខ្សែក្រវាត់ក្បាលដែក ១ ខ្សែ និងម៉ូតូ ២ គ្រឿង។ ក្នុងនោះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ខណៈមានជនសង្ស័យមួយចំនួនបានគេចខ្លួន។

ក្រោយការសាកសួរ ក្រុមក្មេងទំនើងទាំងនោះ បានសារភាពថា ពួកគេមានជម្លោះគ្នាតាមក្រុមជជែក (group chat) និងបានណាត់គ្នាមកវាយប្រហារពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចបានស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនជនពាក់ព័ន្ធទាំងអស់ និងបន្តអនុវត្តតាមនីតិវិធីច្បាប់។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…