រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងទេសចរណ៍ជំរុញការប្រើស្រោមអនាម័យឱ្យបាន១០០ភាគរយនៅតាមមូលដ្ឋានសេវាកម្សាន្តដើម្បីទប់ស្កាត់ការឆ្លងជំងឺអេដស៍

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងទេសចរណ៍ណែនាំប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅកម្ពុជាបន្តចូលរួមផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃស្រោមអនាម័យ និងជំរុញឱ្យមានការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅតាមមូលដ្ឋានសេវាកម្សាន្តនានា ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីដៃគូរួមភេទ។

ការក្រើនរំលឹកដូច្នេះ ធ្វើឡើងដោយយោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយដើម្បីបង្ការមេរោគអេដស៍និងជំងឺអេដស៍។ តាមរយៈសេចក្តីណែនាំចេញនៅថ្ងៃទី១២ ខែមករា ក្រសួងទេសចរណ៍ បានណែនាំប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅកម្ពុជាបន្តចូលរួមផ្សព្វផ្សាយអំពីហានិភ័យនៃមេរោគអេដស៍ និងលុបបំបាត់ទស្សនៈយល់ច្រឡំនៅកម្ពុជាគ្មានអេដស៍ទៀតទេ ព្រមទាំងជំរុញឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីរួមគ្នាបញ្ចប់អេដស៍ តាមរយៈការអនុវត្តវិធានការបង្ការការពារឱ្យបានហ្មត់ចត់ ដូចជាការប្រើប្រាស់ស្រោមអនាម័យ១០០% ជាដើម។

មិនតែប៉ុណ្ណោះ ជំរុញប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្ត ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ឱ្យប្រញាប់ទៅធ្វើតេស្តរកមេរោគអេដស៍ជាបន្ទាន់ ដើម្បីទទួលបានសេវាថែទាំព្យាបាលទាន់ពេលវេលា។ ក្រៅពីនេះ ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវធានាឱ្យមានការរក្សាទុក និងផ្តល់ជូនស្រោមអនាម័យនៅតាមមូលដ្ឋានសេវាកម្សាន្តដូចជារង្គសាល បៀរហ្គាឌិន និងមូលដ្ឋានសេវាកម្ម ស្នាក់នៅដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម។ យ៉ាងណា ស្រោមអនាម័យមិនត្រូវបានយកធ្វើជាកម្មវត្ថុនៃការដាក់បន្ទុកឡើយ លើកលែងតែការប្រើស្រោមអនាម័យក្នុងការប្រព្រឹត្តបទល្មើស៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…