ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានជាង ២.៣ពាន់លានដុល្លារ កើនឡើង៨៩% ខណៈការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីកើនដល់ជាង២០០%

KPS99TV

សេចក្តីសង្ខេប

របាយការណ៍ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឆ្នាំ២០២៥មាន២៣៤១លានដុល្លារ កើន៨៨,៩៧ភាគរយ ក្នុងនោះកម្ពុជានាំចេញ៩២០លានដុល្លារ និងនាំចូល១៤២១លានដុល្លារ។

ក្នុងឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី បានសម្រេចទំហំពាណិជ្ជកម្ម ២ ៣៤១លានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១ ២៣៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈរបាយការណ៍ ការនាំចេញរបស់កម្ពុជាទៅកាន់សិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានទឹកប្រាក់ ៩២០ លានដុល្លារ កើនឡើង ២១២.២៣%។ រីឯការនាំចូលពីសិង្ហបុរីក៏មានកំណើនខ្ពស់ផងដែរ ដោយសម្រេចបាន ១ ៤២១ លានដុល្លារ កើនឡើង ៥០.៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី កើនឡើងនេះ បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ និងឈានទៅបិទការនាំចូលប្រេងឥន្ធនៈ និងហ្គាសពីថៃ ហើយបង្វែរទៅនាំចូលប្រេងពីសិង្ហបុរី មកវិញ។ ជាមួយគ្នានេះ បរិក្ខាមួយចំនួនដែលកម្ពុជាឈប់នាំចូលពីថៃ ក៏ទិញពីសិង្ហបុរីមកវិញផងដែរ។

ទន្ទឹមគ្នានេះ កម្ពុជាបានបង្កើនការនាំចេញផលិតផលផ្សេងៗជាច្រើន ទៅកាន់សិង្ហបុរីវិញដែរ ដូចជាផលិតផលកសិកម្ម និងផលិតផលកាត់ដេរសម្លៀកបំពាក់ជាដើម៕ 

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…