លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំប្រជុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន៩គម្រោង។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ៦៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មទាំង៩គម្រោង៖ ខារអំបោះ និងជ្រលក់ពណ៌, ផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់ស្យូមអ៊ីដ្រុកស៊ីត និងម្សៅបៀកជញ្ជាំង, ផលិតត្រីខកំប៉ុង និងទឹកត្រី, ផលិតវ៉ែនតា និងសម្ភារៈបន្ទាប់បន្សំវ៉ែនតាគ្រប់ប្រភេទ, ផលិតគ្រឿងតុបតែងសក់, ផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី, ផលិតសំបកកំប៉ុង និងគម្របកំប៉ុង, ផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែល, ផលិតអំពូលភ្លើង អំពូលភ្លើងលម្អគ្រប់ប្រភេទ និងសម្ភារៈបន្ទាប់បន្សំអំពូលភ្លើង។
គម្រោងវិនិយោគទាំង៩ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងបាត់ដំបង៕ ដោយ៖ ប៉ៃ សុឃីម
















