ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ–សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែងប្រទះឃើញសត្វត្រយ៉ងចង្កំកសចំនួន ៥ ក្បាល ដ៏កម្រ កំពុងរស់នៅដោយសុខសាន្ត

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមល្បាតថ្ងៃទី១២-១៣ មករា ប្រទះត្រយ៉ងចង្កំកស៥ក្បាលនៅអូរកាសៀប និងបន្តត្រួតពិនិត្យព្រៃឈើ។ នៅអូរក្ងោក ក្រុមការងារស៊ើបអង្កេតការកាប់រានព្រៃជិត១ហិកតា។

ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ–សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារបានចុះល្បាតដល់ចំណុចអូរកាសៀប ហើយបានប្រទះឃើញសត្វត្រយ៉ងចង្កំកសចំនួន ៥ ក្បាល ដែលជាសត្វដ៏កម្រ កំពុងរស់នៅដោយសុខសាន្ត។ សត្វប្រភេទនេះ ត្រូវបានចាត់ទុកថា ជាប្រភេទសត្វរងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

នេះបើតាមការលើកឡើងរបស់លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះពាក់ព័ន្ធ ចុះល្បាតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

បន្ទាប់មក ក្រុមការងារបានបន្តចុះល្បាតដល់ចំណុចអូរវែង និងដល់ជើងភ្នំយក្សហ៊ើប ដោយបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីត្រួតពិនិត្យគម្របព្រៃឈើជុំវិញ។ លទ្ធផលពិនិត្យឃើញថា ស្ថានភាពព្រៃឈើពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។

បន្ទាប់ពីនោះ ក្រុមការងារបានល្បាតដល់ចំណុចអូរក្ងោក និងបានអនុវត្តវិធានការតាមច្បាប់ ចំពោះអញ្ញាតជនដែលបានលួចកាប់រានដីព្រៃ ចំនួន ១ កន្លែង មានទំហំជិត ១ ហិកតា។ នៅពេលនោះ ក្រុមល្បាតបានប្រមូលទិន្នន័យ និងបន្តស្រាវជ្រាវស៊ើបអង្កេត ស្វែងរកជនល្មើស និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…