តាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា សូមអបអរសាទរចំពោះការចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង ៣ លានដុល្លារ ដែលបានធ្វើឡើងរវាង សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ និងកសិដ្ឋានគីរីទេស សម្រាប់ការផលិត និងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់។
លោកបានបន្ថែមថា ការតភ្ជាប់ទីផ្សារទុកជាមុន គឺជាចំណុចពិសេសមួយនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់នូវភាពច្បាស់លាស់ក្នុងការធ្វើផលិតកម្មរបស់សមាជិក ក៏ដូចជាជួយកាត់បន្ថយហានិភ័យទីផ្សារបានយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង មានសមាជិកចំនួន ១៦៥ គ្រួសារ កំពុងធ្វើផលិតកម្មម្ទេសលើផ្ទៃដី ១២០ ហិកតា បន្លែស្លឹកក្នុងផ្ទះសំណាញ់ចំនួន ១០០ ខ្នង និងមាន់ស្រែចំនួន ១៤០ ទ្រុងផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
















