(ខេត្តបន្ទាយមានជ័យ–ឧត្តរមានជ័យ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាលំបាក ក្នុងស្មារតី «ខ្មែរជួយខ្មែរ» កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពចំនួន ៣ ទីតាំងផ្សេងគ្នា សរុបចំនួន ៣,០០០ គ្រួសារ។
ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា–ថៃ មកកាន់តំបន់សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរ ឯកឧត្តមប្រតិភូ និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៣,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល។ លើសពីនេះ ក៏មានការចែកជូនអង្ករសរុប ៣ តោន ពងទា ៣១,០០០ គ្រាប់ និងថ្នាំពេទ្យចំនួន ២៤,០០០ គ្រាប់ ដើម្បីជួយសម្រួលការលំបាកខ្លះៗ ជូនបងប្អូនផងដែរ។
សកម្មភាពទាំងនេះ បានបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដែលប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុង ឬក្រៅប្រទេស តែងតែចេះជួយយកអាសាគ្នា និងមិនទុកឱ្យបងប្អូនណាម្នាក់ឯកោឡើយ ជាពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិត្រូវការការរួបរួមកម្លាំងសាមគ្គីគ្នា៕ ដោយ៖ ប៉ៃ សុឃីម

















