មិនថាកម្ពុជា ឬប្រទេសផ្សេងៗលើពិភពលោកនោះទេសុទ្ធតែរងគ្រោះដោយសារបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដវែករកមុខអ្នកដែលពាក់ព័ន្ធដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។
ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសរួមគ្នាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនមហាមិត្តចិនថា កម្ពុជាជាប្រទេសរងគ្រោះដោយសារបទល្មើសឆបោកនេះ ដោយសារជនល្មើសទាំងអស់បានយកទីតាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់។ ដូច្នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កាន់តែស្អិតរមួតបន្ថែម។
ឯកឧត្តមសង្ឃឹមថា មហាមិត្តចិននឹងបន្ដពង្រឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាមួយកម្ពុជាបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត កំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញគ្រប់ទម្រង់ទាំងអស់។
ដោយឡែក ពាក់ព័ន្ធនឹងការចាប់ខ្លួនមហាសេដ្ឋីជនជាតិចិនលោក ចេន ហ្ស៊ី (Chen Zhi) ដែលអត្ថបទពណ៌នាថាជាមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ឯកឧត្តមឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានចាត់ទុកជាការរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាមកកាន់ប្រទេសចិន និងបានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់កម្ពុជា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃថ្ងៃទី៧ ខែមករា ដែលត្រូវបានរាយការណ៍នៅថ្ងៃនោះ សញ្ជាតិខ្មែររបស់លោក ចេន ហ្ស៊ី ត្រូវបានដកហូតនៅខែធ្នូ ឆ្នាំ២០២៥។
ដោយ៖ ង៉ែត ពិសាន្ត












