ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការបរទេស តវ៉ាឱ្យកងទ័ពជើងទឹកថៃប្រគល់ទូកនេសាទខ្មែរវិញ និងជំរុញឱ្យគោរពអធិបតេយ្យភាព និងដែនយុត្តាធិការរបស់កម្ពុជា

KPS99TV

សេចក្តីសង្ខេប

កម្ពុជាស្នើថៃប្រគល់ទូកនិងឧបករណ៍នេសាទដែលរឹបអូស បន្ទាប់ពីអ្នកនេសាទ៤នាក់ត្រូវបានដោះលែងថ្ងៃទី១១ មករា និងតវ៉ាចំពោះការរំលោភដែលកម្ពុជាអះអាង។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។

នៅក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសបានឲ្យដឹងថា ហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជាបានកើតឡើងនៅវេលាម៉ោង ១១:៣០ ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកូអរដោនេ លេខ 11°33'30"N និង 102°51'39"E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។

យោងតាមខ្លឹមសារកំណត់ទូតនេះ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំងបួននាក់មកវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែទន្ទឹមនេះបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ រួមជាមួយនឹងឧបករណ៍នេសាទទាំងអស់ដែលថៃបានរឹបអូស ត្រឡប់មកវិញ។

កម្ពុជា បានតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលក្រសួងការបរទេសបានពិពណ៌នាថា ជាសកម្មភាព «រំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់កម្ពុជា» ហើយក៏បានស្នើថៃចៀសវាងសកម្មភាពបែបនេះ នាពេលអនាគត៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…