ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងប្រៃសណីយ៍ព្រមានចាត់វិធានការអ្នកបន្តនាំចូលនិងលក់ឧបករណ៍ទូរគមនាគមន៍

KPS99TV

សេចក្តីសង្ខេប

ក្រសួងប្រៃសណីយ៍រំលឹកឱ្យបញ្ឈប់សកម្មភាពឧបករណ៍ទូរគមនាគមន៍គ្មានការអនុញ្ញាត និងព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកបន្តប្រព្រឹត្ត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវសារជាថ្មីដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងផ្សព្វផ្សាយពាណិជ្ជកម្មលក់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនៅលើទីផ្សារកម្ពុជាបន្តទៀត។ ករណីមិនស្តាប់តាមការណែនាំនៅតែបន្តប្រព្រឹត្ត ក្រសួងនឹងចាត់វិធានការម៉ឹងម៉ាត់ដោយគ្មានការលើកលែងបុគ្គលដែលពាក់ព័ន្ធឡើយ។

តាមរយៈសេចក្តីជួនដំណឹងកាលពីថ្ងៃទី១៤ ខែមករា ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា កន្លងមក សង្កេតឃើញមានសកម្មភាពនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មលក់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនៅលើទីផ្សារកម្ពុជា ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)ឡើយ។

ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ ការនាំចូលនិងចែកចាយឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ត្រូវធ្វើឡើងដោយបុគ្គលដែលមានការទទួលស្គាល់គុណវុដ្ឋិសម្រាប់នាំចូលនិងចែកចាយ និងត្រូវមានវិញ្ញាបនបត្រទទួលស្គាល់ស្របតាមច្បាប់ ដើម្បីធានាថា ឧបករណ៍ទាំងនេះពុំបង្កហានិភ័យដល់អ្នកប្រើប្រាស់ និងបង្កផលប៉ះពាល់ទៅដល់គុណភាពសេវាទូរគមនាគមន៍ ជាពិសេសចៀសវាងការយកទៅប្រើប្រាស់ ដើម្បីប្រព្រឹត្តបទល្មើសនានាដែលបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។ ចំណែក ឧបករណ៍ដែលក្រសួងបានហាមឃាត់ការនាំចូល ចែកចាយ និងលក់នៅលើទីផ្សារ មានដូចជា ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater) ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) អាកាសយានគ្មានមនុស្សបើក (Drone) និងឧបករណ៍កាត់ផ្តាច់សេវា (Jammer)៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…