ឯកឧត្តម មាន ចាន់យ៉ាដា បានចាត់ទុកមន្ត្រីស៊ីម៉ាក់គឺជា «វីរជន ស្វែងរកកន្លែងសុវត្ថិភាពជូនពលរដ្ឋ»។ ឯកឧត្តមអភិបាលខេត្តឧត្ដរមានជ័យ លើកឡើងដូច្នេះ នៅថ្ងៃទី១៤ ខែមករាក្នុងឱកាសជួបសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដែលបានពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ។
បើតាមឯកឧត្តម មាន ចាន់យ៉ាដា ការងារបោសសម្អាតមីន មិនមែនគ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំប្លែងដីដែលបង្កហានិភ័យឱ្យទៅជាតំបន់សេដ្ឋកិច្ច ការដាំដុះ និងការតាំងទីលំនៅថ្មី ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
«មន្ត្រីស៊ីម៉ាក់ គឺជាវីរជនដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី ដើម្បីដកយកគ្រាប់រំសេវដែលបង្កប់ក្នុងដី ចេញពីជីវិតរបស់ប្រជាជន។ បើគ្មានពួកគាត់ទេ យើងក៏មិនអាចមានដីដែលមានសុវត្ថិភាពសម្រាប់សាងសង់លំនៅឋាន សាលារៀន ឬអភិវឌ្ឍន៍វិស័យកសិកម្មបានដូចសព្វថ្ងៃដែរ»។ នេះបើតាមអភិបាលខេត្តឧត្ដរមានជ័យបញ្ជាក់បន្ថែម។
ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលបំពេញបេសកកម្មដ៏គ្រោះថ្នាក់នេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីស៊ីម៉ាក់ទាំងអស់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានខ្ជាប់ខ្ជួនបំផុត និងត្រូវថែរក្សាសុខភាពឱ្យបានល្អ។
យ៉ាងណា តំបន់នៅតាមភូមិគោលដៅរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានដោយយោធាថៃចំនួន ១៤៥ភូមិ ត្រូវបានស្រាវជ្រាវ និងដាក់ស្លាកសញ្ញា។ ក្នុងនោះ រកឃើញទីតាំងនិងដាក់ស្លាកសញ្ញាបានចំនួន៨២៤ទីតាំង, រកឃើញគ្រាប់លើដីនិងដាក់ស្លាកសញ្ញាបានចំនួន៥៧ទីតាំង, រកឃើញគ្រាប់ក្នុងដីនិងដាក់ស្លាកសញ្ញាបានចំនួន៦៤ទីតាំង និងរកឃើញរណ្តៅគ្រាប់ផ្ទុះនិងដាក់ស្លាកសញ្ញាបានចំនួន៧០៣ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនកម្ពុជា (CMAC) ប្រចាំខេត្តឧត្ដរមានជ័យ៕
ដោយ៖ ង៉ែត ពិសាន្ត
















