ក្រសួងទេសចរណ៍ បានប្រកាសពីការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ក្នុងរយៈពេល៤ខែ ចាប់គិតពីថ្ងៃទី១៥ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការលើកលែងនេះ បន្ទាប់ពីមានការឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់។
ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ពលរដ្ឋចិនទាំងនោះរួមមាន ចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជា បានចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕
ដោយ៖ ចិន្តា ទីទិ









