នៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៦នេះមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត រួមជាមួយនឹងមន្ត្រីជំនាញ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ប្អូនៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។
ក្នុងវគ្គអប់រំផ្សព្វផ្សាយនាពេលនេះគឺមានការពន្យល់នូវច្បាប់ដោយមន្ត្រីជំនាញសាខា កបប ខេត្តព្រះសីហនុ រួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង។ ជាពិសេស បច្ចុប្បន្នជំងឺទឹកនោមផ្អែមការកើតឡើងពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដោយសារប្រជាពលរដ្ឋច្រើនតែងប្រើប្រាស់អាហារមានជាតិផ្អែមកំរិតខ្ពស់តាំងតែពីក្មេងវ័យទៅ និងអាហារមានជាតិខ្លាញ់ច្រើន។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញ កបប បានផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្ស ព្រោះគ្រឿងញៀនវាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូលក្នុងនោះយុវជនយើងគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។
គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន។ ឥទ្ធិពលនៃគ្រឿងញៀនកំពុងបំផ្លាញធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់។ សូមចៀសឆ្ងាយពីគ្រឿងញៀន!
ក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយនិងបិត (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាស្ថានផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
















