នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ផ្តោតសំខាន់លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញប្រែក្លាយខេត្តកោះកុងឱ្យកាន់តែមានសក្ដានុពល និងសុវត្ថិភាព ព្រមទាំងការរីកចំរើនបន្តរទៀតទៅអនាគត។
នៅក្នុងឱកាស នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខេត្តត្រូវបង្កើនការបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប។ ម្យ៉ាងទៀត ត្រូវពង្រឹងស្ថេរភាព សុខសន្តិភាព និងសុវត្ថិភាពនយោបាយឱ្យបានរឹងមាំ ដោយត្រូវមានវិធានការក្ដៅក្នុងការលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម។
បន្ថែមពីនោះ រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តកោះកុងទៅកាន់ពិភពលោក ដោយធានាអោយបានការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពរហ័ស តម្លាភាព និងគ្មានការរើសអើង ដើម្បីបង្កើនភាពជឿជាក់រវាងរដ្ឋបាល និងប្រជាជន៕
ដោយ៖ ចិន្តា ទីទិ






